កុំយល់ច្រឡំ Rolls Royceដែលដាក់នៅមុខ អគ្គនាយកដ្ឋានពន្ធដារ មិនមែនជារបស់មន្ត្រីប្រមូលពន្ធនោះទេ
អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីបំភ្លឺ ក្រោយមានសាព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយរូបភាពរថយន្តទំនើប Rolls Royce ដែលចតនៅមុខអគ្គនាយកដ្ឋានពន្ធដារ ដែលចុះផ្សាយក្រោមចំណងជើងថា ស្រុកខ្មែរ អ្នកប្រមូលពន្ធ ជិះRolls Royce អ្នកបង់ពន្ធ ជិះឡានឥតកៅអី និងផ្ទុះការរិះគន់មន្ត្រីពន្ធដារ ជិះសុទ្ធតែឡានតម្លៃរាប់លានឯ ពលរដ្ឋអ្នកបង់ពន្ធរកឡានកញ្ចាស់ជិះមិនបានផង។
ដែលការរិះគន់ទាំងនេះ អគ្គនាយកដ្ឋានពន្ធដារបកស្រាយថា ចុះផ្សាយព័ត៌មានមិនពិត មានចរិតររឿង បង្កបញ្ហា បង្កាច់បង្ខូចមន្ត្រីស្ថាប័នរដ្ឋ និងបង្កើតជាព័ត៌មានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍។
ជាក់ស្តែងអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា រថយន្ត Rolls Royceជារបស់អ្នកជាប់ពន្ធ ដែលមកចូលរួមកិច្ចប្រជុំហើយម្យ៉ាងទៀតទីតាំងខាងមុខច្រកចូលពន្ធដារ មិនមែនជាចំណតសម្រាប់មន្ត្រីពន្ធដារប្រើប្រាស់ឡើយគឺសម្រាប់ទុកជូនអ្នកជាប់ពន្ធប៉ុណ្ណោះ។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមថា សាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម កុំមានការយល់ច្រឡំ ជាងនេះអគ្គនាយកដ្ឋានពន្ធដារអំពាវនាវដល់បណ្តាញសាព័ត៌មានមួយចំនួន សូមធ្វើការដកស្រង់តែព័ត៌មានពិត មកចុះផ្សាយប្រកបដោយវិជ្ជាជីវៈចៀសវាងផ្សាយព័ត៌មានគ្មានមូលដ្ឋាន៕SP